ទឹកក្រូច​ដប និង មី ជា​ច្រើន​ពាន់​កេស ត្រូវបាន​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកជូន​ដល់ បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន ចំណុះ​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​អំណោយ​អបអរ​ចូលឆ្នាំថ្មី​!

ដោយ ៖ ថៃ សត្តិសារៈ
ស៊ី ធី​ វី អនឡាញ
http://ctvonline.net/

​ជា​រៀងរាល់ឆ្នាំ អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​បាន​ប្រមូលផ្តុំ​កម្លាំង មកជួបជុំ​គ្នា ដើម្បី​ធ្វើ​ពិធី​សំណេះសំណាល និង​ចែក​អំណោយ អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ដោយឡែក​នៅក្នុង​ឆ្នាំ​២០២១​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ ពុំ​បាន​ធ្វើ​ពិធី​ជួបជុំ​កម្លាំង​រួម ដូច​ឆ្នាំ​មុនៗ​ទេ ព្រោះតែ​បញ្ហា​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩ តែ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​មិន​ចោល​នូវ​ទម្លាប់​ចែក​អំណោយ​ដល់​កងកម្លាំង​ក្រោម​ឱវាទ សម្រាប់​យក​ជូន​ក្រុមគ្រួសារ​បន្ត ដើម្បី​ចូលរួម​អបអរ​បុណ្យចូលឆ្នាំថ្មី​ផងដែរ​។

​ជាក់ស្តែង នា​រសៀល​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ប្រធាន​មន្ទីរ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ មក​ទទួលយក​ទឹកក្រូច​ដប និង មី ទៅតាម​ចំនួន​ទ័ព​ដែល​ខ្លួន​គ្រប​គ្រ​ង់ រៀងៗ​ខ្លួន ដើម្បី​ចែក​ជូន​បន្ត​ដល់​បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យបាន​គ្រប់ៗ​គ្នា ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ទឹកក្រូច​ដប​០១​កេស និង​មី​០១​កេស ស្មើៗ​គ្នា​។​

​ក្នុង​ឱកាស​នេះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការសួរសុខទុក្ខ​របស់ លោកនាយ​ឧត្តម សេនី​យ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ផ្តាំផ្ញើ​តាមរយៈ តំណាង​អង្គភាព​នី​មួយៗ ជូន​ចំពោះ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ព្រមទាំង ក្រុមគ្រួសារ សូមឲ្យ​មាន​សុខភាព​ល្អ ជោគជ័យ​គ្រប់​ការងារ ជាពិសេស​ជៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩ ឲ្យបាន​គ្រប់ៗ​គ្នា និង​សូម​ចូលរួម​អនុវត្ត​ឲ្យបាន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ កូវី​ដ​-១៩៕