(កំពង់ធំ)៖ ការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការជាមន្ត្រីរាជការនៅខេត្តកំពង់ធំប្រចាំឆ្នាំ២០២១ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន៤១២នាក់ ក្នុងនោះក្របខណ្ឌមន្ត្រីគ្រប់រដ្ឋបាលជាន់ខ្ពស់មាន៥០នាក់ ក្របខណ្ឌមន្ត្រីក្រមការមាន១១០នាក់ និងក្របខណ្ឌលេខាធិការរដ្ឋបាលមាន២៥២នាក់។លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៨ ខែវិច្ចិកា ឆ្នាំ២០២១នេះ បានចូលរួមកាត់វិញ្ញាសារប្រឡងខាងលើនេះនៅវិទ្យាល័យកំពង់ធំ ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។លោក ញ៉ឹក បានខេង លើកឡើងថា ការប្រឡងជ្រើសរើសក្របខណ្ឌក្រសួងមហាផ្ទៃសម្រាប់រដ្ឋបាលខេត្តកំពង់ធំនៅពេលនេះ គឺជាការប្រកួតប្រជែងយកពន្ទុខ្ពស់បំផុត ដូច្នេះបេក្ខជនទាំងអស់ត្រូវតែយកចិត្តទុកដាក់បញ្ចេញឲ្យអស់ពីសមត្ថភាព។ ដោយឡែក ចំពោះគណៈកម្មការមេប្រយោគទាំងអស់ត្រូវរៀបចំឲ្យមានភាពយុត្តិធម៌ ត្រឹមត្រូវ តម្លាភាពបំផុត។លោក ញ៉ឹក បានខេង បានណែនាំដល់បេក្ខជនទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់គណៈកម្មាការមេប្រយោគ និងជូនពរបានប្រឡងជាប់គ្រប់ៗគ្នា។សូមបញ្ចាក់ថា ការប្រឡងនេះមានរយៈពេល២ម៉ោង មានចំនួន៣ផ្នែក រួមមានក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងក្របខណ្ឌមន្ត្រីក្រមការ មានវិញ្ញាសារជំនាញឯកទេស និងភាសារអង់គ្លេស និងក្របខណ្ឌលេខាធិការរដ្ឋបាល មានវិញ្ញាសារចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ