លោក ហ៊ុយ សុជាតិ​មេ​គយ​ខេត្ត​មណ្ឌលគិរី​មាន​ជំនាញ​ ខាង​ប្រមូល​​លុយ​ស្រង់ដើម​មិន​ញញើត​ អង្គភាព​ប្រឆាំង​អំពើពុករលួយ

ខេត្ត​មណ្ឌលគិរី ៖ ដោយ ថៃ ប៊ុន​រិទ្ធ​ ​សេចក្តីរាយការណ៍ ថ្មីៗ​នេះ​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ចាប់តាំងពី​ទទួល​បាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី រួច​មក​គឺ​លោក ហ៊ុយ សុជាតិ កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។
​ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​ទាំងឡាយ​របស់​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ជាបន្ទាន់​។ មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បាន​បង្ហើប​ឲ្យដឹងថា ឈ្មួញ​នាំ​ចូល​ទំនិញ​និង​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក ព្រោះ​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី បើកដៃ​ឲ្យ​ប្រធានការិយាល័យ​គយ​ច្រក​ដាក់​ដាំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​កាល​នៅ​ធ្វើជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក ហ៊ុយ សុជាតិ ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​ការប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ឥឡូវ​នេះ​នៅ​ពេល​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី គឺ​លោក ហ៊ុយ សុជាតិ កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​នោះ​ទេ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ហ៊ុយ សុជាតិ ដែល​ជា​មេ​គយ​ខេត្ត​មណ្ឌលគិរី ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

​សេចក្តីរាយការណ៍​តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​មណ្ឌលគិរី មួយចំនួន​បានឲ្យដឹងថា ទំនង​លោក ហ៊ុយ សុជាតិ ចំណាយ​លុយ​យ៉ាងច្រើន​ដើម្បី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី ទើប​លោក ហ៊ុយ សុជាតិ ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។

​ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក ហ៊ុយ សុជាតិ កំពុង​អនុវត្តន៍​តាម​បទពិសោធន៍​កាល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រក​ប៉ោយ​ប៉ែត ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ ហើយ​យកឈ្មោះ​មេ​គយ​ធំៗ​មក​ធ្វើជា​ខែល​ដើម្បី​បិទបាំង​ទង្វើ​របស់​ខ្លួន​យ៉ាង​ងងើល​។ នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ក៏​ដូចជា​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ក៏​ឈ្មួញ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​ពេញបន្ទុក​ផងដែរ ព្រោះ​លោក ហ៊ុយ សុជាតិ បណ្ដោយ​ឲ្យ​មន្ត្រី​គយ​នៅ​ច្រក​ទ្វេភាគី​ទាំង​២​នោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក ហ៊ុយ សុជាតិ អាច​ផ្ទេរ​ពី​តំណែង​ប្រធាន​ការិយោល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត មក​ធ្វើជា​មេ​គយ​ខេត្តមណ្ឌលគិរី យ៉ាង​រលូន​។ បន្ទាប់ពី​ទទួលបាន​តំណែង​ជា​មេ​គយ​ប្រចាំ​ខេត្ត​មណ្ឌលគិរី រួច​មក​គឺ​លោក ហ៊ុយ សុជាតិ មិនដែល​ចាត់វិធានការ​បង្ក្រាប​ឬ​ទប់ស្កាត់​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ប្រេងសាំង​គេច​ពន្ធ​នោះ​ទេ ហើយ​មាន​តែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បង្ហើប​ឲ្យដឹងថា ករណី​ក្រុម​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង ក្នុង​ខេត្ត​មណ្ឌលគិរី គឺ​ច្រក​ដាក់​ដាំ ច្រក​ណាំ​លៀ និង​ច្រក​ឡា​ប៉ា​ខេ ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ហ៊ុយ សុជាតិ ។​