មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិទួលក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងមូលដ្ឋានពួកគាត់ ដែលបានបិទមួយរយៈពេលខ្លីនោះ ឥឡូវបានបើកដំណើរការឡើងវិញហើយ។ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា មានបុគ្គម្នាក់ឈ្មោះ តាហាន បានមកបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងឡើងវិញយ៉ាងរលូន ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន គ្មានញញើតអ្វីទាំងអស់ ។ ព្រមទាំងលោក នួន ពុទ្ឋារ៉ា អភិបាលក្រុងសៀមរាប កំពុងបណ្ដោយឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាល។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បុគ្គលឈ្មោះតាហាន និងបក្ខពួកច្រើននាក់ សហការគ្នាបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងភូមិទួលក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ប្រមូលលុយពីក្រុមអ្នកញៀនល្បែងបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ល្បែងបញ្ជល់មាន់បើកលេងទ្រង់ទ្រាយធំ ដោយមានការដាក់ដើមថាន់រាប់លាន់រៀល ឬរាប់ពាន់ដុល្លារក្នុងមួយគូៗ ហើយល្បែងអាប៉ោងក៏ស៊ីសងក្នុងមួយគ្រាប់ៗរាប់លានរៀលផងដែរ ព្រោះមេល្បែងស៊ីសងធានាសន្ដិសុខដល់អតិថិជនរបស់ខ្លួន ។ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការបើកដៃពីមន្ដ្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទេនោះ គឺគ្មានអ្នកណាអាចបើកល្បែងស៊ីសងក្នុងភូមិទួលក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប បានឡើយ។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ចាត់វិធានការបង្ក្រាបល្បែងស៊ីសង ក្នុងភូមិទួលក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជាបន្ទាន់ ដើម្បីពង្រឹងសន្ដិសុខសង្គម ។ ដោយហេតុថា ផ្ដើមចេញពីល្បែងស៊ីសងខុសច្បាប់ដែលកើតឡើងយ៉ាងរាលដាលនោះហើយ ទើបក្នុងសង្កាត់ជ្រាវក្រុងសៀមរាបកើតមានអំពលើចោរកម្ម អំពើហិង្សា ក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្ដិសុខសង្គម ។ប្រជាពលរដ្ឋបានរិះគន់ចំៗថាលោក ដា ចំរើន អធិការនគបាលក្រុងសៀមរាប និងលោក នួន ពុទ្ឋារ៉ា អភិបាលក្រងសៀមរាប មិនសូវយកចិត្តទុកដាក់បង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ ដើម្បីពង្រឹងសន្ដិសុខសង្គមនោះឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ