ញូវយ៉ក ៖ រដ្ឋាភិបាលអង់គ្លេស បាននិយាយ កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីសុខាភិបាលមកពីក្រុមប្រទេសឧស្សាហកម្មទាំង ៧ (G-7) នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃច័ន្ទនេះ ដើម្បីពិភាក្សាអំពីវីរុសកូវីដ ១៩ បម្លែងខ្លួនថ្មី Omicron ដែលកំពុងឆ្លងរីករាលដាលនៅក្នុងទ្វីបអឺរ៉ុប និងកន្លែងផ្សេងៗទៀត។វីរុសបម្លែងខ្លួនថ្មីប្រភេទ Omicron ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង និងត្រូវបានកំណត់ថាជាវីរុសដែលបង្កឲ្យមានការព្រួយបារម្ភថ្មីមួយទៀតដល់ពិភពលោក ដោយអង្គការសុខភាពពិភពលោក (WHO) ដែលត្រូវបានគេភ័យខ្លាចថាអាចឆ្លងក្នុងកម្រិតមួយខ្ពស់ ហើយដែលត្រូវបានកត់ត្រាករណីវិជ្ជមានរួចមកហើយនៅក្នុងសមាជិកក្រុមប្រទេស G-7 ចំនួន ៤ ប្រទេសគឺ អង់គ្លេស កាណាដា អាល្លឺម៉ង់ និងអ៊ីតាលី បន្ទាប់ពីអាហ្វ្រិកខាងត្បូងបានរាយការណ៍ករណីដំបូងនៃវីរុសនេះទៅកាន់ WHO កាលពីថ្ងៃ ពុធ។រដ្ឋមន្ត្រីសុខាភិបាល G-7 រួមទាំងតំណាងមកពីប្រទេសបារាំង ជប៉ុន និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងយល់ព្រមលើកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីទប់ទល់នឹងការឆ្លងរីករាលដាលនៃវីរុស Omicron នៅក្នុងកិច្ចប្រជុំដែលបានកោះប្រជុំជាបន្ទាន់មួយ តាមប្រព័ន្ធអនឡាញ ដែលក្រោមការដឹកនាំរបស់ចក្រភពអង់គ្លេស។គួរបញ្ជាក់ថា មកដល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា វាមិនទាន់ច្បាស់ទេថាតើវីរុស Omicron នេះមានសមត្ថភាពឆ្លងខ្លាំងប៉ុណ្ណា ហើយអាចបង្កឲ្យជំងឺកាន់តែធ្ងន់ធ្ងរឬអត់ បើប្រៀបធៀបទៅនឹងវីរុសចាស់ៗផ្សេងទៀតរួមទាំង Delta ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ