ខេត្តមណ្ឌលគិរី ៖ ដើម្បីពង្រឹងកិច្ចការងារនៅក្នុងអង្គភាព និងដោះស្រាយបញ្ហានានាជូនប្រជាពរដ្ឋឲ្យមានតម្លាភាព និងប្រសិទ្ធភាព នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី ស្នើដល់មន្ទីរអង្គភាព និងអាជ្ញាធរក្រុង/ស្រុក ត្រូវរៀបចំបង្កើតផេកបណ្តាញសង្គមរបស់ខ្លួន ដើម្បីផ្សព្វផ្សាយសកម្មភាព និងឆ្លើយតបទៅនឹងមតិប្រជាជន ឲ្យបានទាន់ពេលវេលា ឯកឧត្តម ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តមណ្ឌលគិរី គឺគោលដៅដ៏សំខាន់ ក្នុងការរៀបចំលើកកម្ពស់ ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ឲ្យក្លាយជាវិស័យអទិភាពមួយ រួមចំណែកបង្កើនប្រាក់ចំណូល ឱកាសការងារ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ដូច្នេះ ស្នើដល់មន្ទីរអង្គភាព អាជ្ញាធរក្រុង/ស្រុក និងសមត្ថកិច្ចជំនាញ ត្រូវចេះសហការគ្នា ក្នុងការរៀបចំកែលម្អសោភ័ណ្ឌភាពនៅក្នុងក្រុង និងតាមបណ្តាស្រុកឲ្យបានល្អ ជាពិសេស ផ្សព្វផ្សាយពីសកម្មភាព សមិទ្ធផលនានា ដល់មហាជនឲ្យកាន់តែបានទូលំទូលាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្ត ឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ។ បន្ថែមលើសនេះ ឯកឧត្តម បានជំរុញដល់សមត្ថកិច្ចជំនាញ និងអាជ្ញាធរ ត្រូវគិតគូរយកចិត្តទុកដាក់ដោះសា្រយបញ្ហានានាជូនប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ឲ្យមានតម្លាភាព និងប្រសិទ្ធភាព និងចូលរួមទប់ស្កាត់ និងបង្ក្រាប់បទល្មើសផ្សេងៗ ឲ្យបានទាន់ពេលវេលា។បន្ទាប់មក ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការរក្សាការពារ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជា ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ក្នុងឳកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នាពេលកន្លងមក បានល្អប្រសើរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ